តំណាងរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចែកអំណោយជូនក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅខេត្ត កំពង់ស្ពឺ

២៧ តុលា ២០២០

ជាការឆ្លើយតបទៅនឹងមហន្តរាយដែលបានបង្កឡើងដោយព្យុះ និងទឹកជំនន់នៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រមូលធនធាន និងរៀបចំសកម្មភាពផ្តល់ជំនួយសប្បុរសធម៌ដល់ស្រុកដែលរងផលប៉ះពាល់។

ក្រោមការដឹកនាំដោយបុគ្គលិកជាន់ខ្ពស់របស់ធនាគារ រួមមានលោក Toru Myochin អគ្គនាយកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងនិយោជិត បានចុះសួរសុខទុក្ខគ្រួសារដែលរងផលប៉ះពាល់នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាខេត្តមួយក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងជាងគេនៅក្នុងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។

ដោយមានការសម្របសម្រួលពីមន្រ្តីនៅក្នុងស្រុក អ្នកស្ម័គ្រចិត្តទាំងអស់បានចែកនូវគ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ដែលចាំបាច់មួយចំនួន ដូចជា៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ និងតង់ខៀវ ជូនទៅដល់ពលរដ្ឋចំនួន ១៧០ គ្រួសារដែលបានមកជុំគ្នានៅវត្ត ព្រៃបឹងស្ថិតក្នុងស្រុកឧដុង្គ។

ដោយមានភ្លៀងធ្លាក់ខ្លាំងក្នុងកំឡុងខែកញ្ញា និងតុលា បានបង្កជាទឹកជំនន់ភ្លាមៗដែលបានជះឥទ្ធិពលដល់ឃុំ និងស្រុកជាច្រើនក្នុងប្រទេសកម្ពុជារួមទាំងតំបន់នានាក្នុងរាជធានីភ្នំពេញ។ តាមសេចក្តីរាយការណ៍ យ៉ាងហោចណាស់ពលរដ្ឋចំនួន ៣៩.០០០ គ្រួសារ ត្រូវបានរងផលប៉ះពាល់នៅទូទាំងប្រទេស ហើយប្រមាណជា ៩.០០០ គ្រួសារ បានផ្លាស់ប្តូរទីលំនៅពីផ្ទះរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សយ៉ាងតិច ២០ នាក់បានបាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់នេះ។

សកម្មភាពខាងលើនៅខេត្តកំពង់ស្ពឺ គឺជាផ្នែកមួយដែលបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយផលប៉ះពាល់នៃស្ថានភាពទឹកជំនន់នៅក្នុងប្រទេសទាំងមូល។ ទន្ទឹមនឹងនេះផងដែរ ធនាគារ ក៏បានបរិច្ចាគជាទឹកប្រាក់ចំនួន ១០.០០០ ដុល្លារអាមេរិច តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយដោះស្រាយបញ្ហាទឹកជំនន់។