ភ្នំពេញ ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៦ - ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភចំនួន ១០០,០០០ ដុល្លារអាមេរិក ជូនដល់សមាគមសិល្បករខ្មែរ ដើម្បីបន្តគាំទ្របេសកកម្មអភិរក្ស អភិវឌ្ឍ និងលើកតម្កើងសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

ពិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលធនាគារជេត្រាស់ រ៉ូយ៉ាល់ ក្រោមវត្តមានរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និង លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថ្នាក់ដឹកនាំភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនីជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ លោក Toru Myochin នាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា ៖ “ក្នុងនាមជាជនជាតិជប៉ុនដែលរស់នៅ និងបំពេញការងារនៅកម្ពុជា លោកបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតម្លៃនៃអរិយធម៌ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ភាពរឹងមាំរបស់ប្រទេសមួយ មិនត្រូវបានវាស់ស្ទង់ត្រឹមកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលនូវភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណវប្បធម៌របស់ខ្លួនផងដែរ។ ធនាគារពិតជាមានមោទនភាពដែលបានរួមចំណែកគាំទ្រការអភិរក្ស និងផ្សព្វផ្សាយមរតកសិល្បៈវប្បធម៌ខ្មែរ និងសូមអំពាវនាវឱ្យគ្រប់ភាគី បន្តរួមសាមគ្គី សហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាថា សិល្បៈ និងវប្បធម៌ខ្មែរ នឹងបន្តរីកចម្រើន បញ្ចេញពន្លឺដ៏ត្រចះត្រចង់ និងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយៗ ព្រមទាំងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិជារៀងរហូត។”

ជាការឆ្លើយតប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ J Trust Royal Bank និង Royal Group of Companies ដែលបានបន្តគាំទ្រសកម្មភាពរបស់សមាគមជាបន្តបន្ទាប់។ លោកជំទាវបានលើកឡើងថា ការឧបត្ថម្ភនេះបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គម និងចក្ខុវិស័យវែងឆ្ងាយរបស់វិស័យឯកជន ក្នុងការចូលរួមអភិរក្ស និងលើកកម្ពស់មរតកវប្បធម៌ជាតិ។លោកជំទាវបានបញ្ជាក់ថា ថវិកាឧបត្ថម្ភដែលសមាគមទទួលបាន នឹងត្រូវប្រើប្រាស់ដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់គាំទ្រសកម្មភាពអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ ជួយដល់សិល្បករ និងសិល្បការិនីដែលជួបការលំបាក បណ្តុះបណ្តាលយុវជនជំនាន់ក្រោយ និងផ្សព្វផ្សាយតម្លៃសិល្បៈវប្បធម៌ខ្មែរ ទាំងក្នុង និងក្រៅប្រទេស។

ពិធីប្រគល់-ទទួលថវិកានេះជាសក្ខីភាពបង្ហាញពីការរួមចំណែកអភិវឌ្ឍសង្គមរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់តាមរយៈការអភិរក្សវប្បធម៌ លើកកម្ពស់សុខុមាលភាពសិល្បករ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។