រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានកិត្តិយសដែលបានចូលរួមគាំទ្រជា Silver Sponsor ក្នុងទិវាសហគ្រិនភាពកម្ពុជា លើកទី១៣ ឆ្នាំ២០២៥ ដែលគូសបញ្ជាក់ពីការគាំទ្ររបស់ធនាគារ ចំពោះការអភិវឌ្ឍវិស័យឯកជនក្នុងប្រទេស។

កម្មវិធីនេះបានរៀបចំឡើងនៅរោងភាពយន្តលេជេន អូឡាំព្យាម៉ល ក្នុងគោលបំណងជជែកពិភាក្សាអំពីទិសដៅសេដ្ឋកិច្ចក្រោមប្រធានបទ “ចក្ខុវិស័យឆ្នាំ២០៣០៖ ការវិនិយោគសម្រាប់អនាគត”។ វេទិកានេះបានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៣០០នាក់ រួមមានសហគ្រិនឆ្នើមៗ វិនិយោគិន ព្រមទាំងអ្នករៀបចំគោលនយោបាយផងដែរ។ កិច្ចពិភាក្សាបានផ្តោតលើសសរស្តម្ភសំខាន់ៗនៃការរីកចម្រើនថ្នាក់ជាតិ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ហិរញ្ញវត្ថុ និងស្ថិរភាពទីផ្សារសម្រាប់រយៈពេលវែង។ កម្មវិធីនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈម និងឱកាសដែលពាក់ព័ន្ធនឹងអំពីបរិវត្តកម្ម និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។ ព្រឹត្តិការណ៍នេះត្រូវបានផ្តល់កិត្តិយសបន្ថែមទៀតដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេស។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តចំពោះសហគមន៍ធុរកិច្ច។ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ធនាគារបន្តដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់កំណើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា។