ភ្នំពេញ ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2026៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង គ្លីនិក ឈួ អ៉ីសេង បានចាប់ដៃគូជាយុទ្ធសាស្ត្រ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជម្រុញការថែទាំសុខភាព ពង្រឹងសុខុមាលភាព និងលើកកម្ពស់អាយុជីវិតរបស់ស្ត្រី និងកុមារកម្ពុជានៅការិយាល័យកណ្តាលរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ គ្លីនិក ឈួ អ៉ីសេង ជាគ្លីនិកដែលមានឯកទេសលើសេវាពិនិត្យជម្ងឺទូទៅកុមារ សម្ភព និងរោគស្រ្តី រយៈពេល16ឆ្នាំជាង។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ស៊ីវ ហ៊ន់ពិសិដ្ឋ នាយកនាយកដ្ឋានធនធានមនុស្ស និងទីផ្សារ នៃធនាគារ ជេ ត្រាស់ រ៉ូយាល់ និងលោកស្រី លាង ធារី នាយិកាប្រតិបត្តិការ នៃ គ្លីនិក ឈួ អ៉ីសេង ព្រមទាំងវត្តមានចូលរួមរបស់គណៈគ្រប់គ្រងស្ថាប័នទាំងពីរ។
លោក ស៊ីវ ហ៊ន់ពិសិដ្ឋ នាយកនាយដ្ឋានធានមនុស្ស និងទីផ្សារ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរបស់យើងនៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើង ក្ក្នុងការទទួលបានសេវាកម្មថែទាំសុខភាព និងការផ្តល់តម្លៃបន្ថែម ជូនអតិថិជន បុគ្គលិក និងសហគមន៍ដែលយើងផ្តល់សេវាកម្ម។ តាមរយៈកិច្ចសហការនេះ បុគ្គលិក និងអតិថិជនរបស់យើង នឹងទទួលបានភាពងាយស្រួលកាន់តែប្រសើរ ក្នុងការទទួលបានសេវាថែទាំសុខភាពកុមារដែលមានគុណភាពខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ។ យើងក៏មានសេចក្តីរីករាយផងដែរ ក្នុងការគាំទ្រគ្លីនិក ជាមួយដំណោះស្រាយទូទាត់ដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួល ជាមួយនឹងសេវាទូទាត់តាម KHQR ឬបណ្ណ ដែលធ្វើឱ្យការទូទាត់ថ្លៃសេវា កាន់តែងាយស្រួល និងរលូនសម្រាប់អតិថិជន។ ”
លោកស្រី លាង ធារី នាយិកាប្រតិបត្តិការ នៃ គ្លីនិក ឈួ អ៉ីសេង បានមានប្រសាសន៍ថា៖“ ថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយទៀតសម្រាប់គ្លីនិក ឈួ អ៉ីសេង។ កិច្ចសហប្រតិបត្តិការជាមួយ ធនាគារ ជេ ត្រាស់ រ៉ូយាល់ មិនមែនគ្រាន់តែជាការចុះហត្ថលេខាលើឯកសារមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃរួមសម្រាប់អតិថិជន និងសង្គម។ យើងជឿជាក់ថា នៅពេលដែលវិស័យសុខាភិបាល និងវិស័យហិរញ្ញវត្ថុសហការគ្នាយ៉ាងជិតស្និទ្ធ នោះយើងអាចជួយឱ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពកាន់តែងាយស្រួល និងមានជម្រើសកាន់តែប្រសើរ។ នេះគឺជាអត្ថប្រយោជន៍ដ៏មានន័យសម្រាប់ប្រជាជន និងជាសញ្ញាបង្ហាញពីការអភិវឌ្ឍរួមរបស់ស្ថាប័នទាំងពីរ។ យើងជឿជាក់ថា ជាមួយនឹងបទពិសោធ ភាពជឿជាក់ និងចក្ខុវិស័យរបស់ ធនាគារ ជេ ត្រាស់ រ៉ូយាល់ រួមជាមួយការប្តេជ្ញាចិត្តរបស់គ្លីនិក ឈួ អ៉ីសេង ភាពជាដៃគូនេះនឹងរីកចម្រើនយ៉ាងរឹងមាំ និងនាំមកនូវលទ្ធផលល្អប្រសើរសម្រាប់ភាគីទាំងពីរ ក៏ដូចជាសម្រាប់អ្នកដែលយើងបម្រើ។ ក្នុងនាមគ្លីនិក ឈួ អ៉ីសេង ខ្ញុំសូមប្តេជ្ញាថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ធនាគារ ជេ ត្រាស់ រ៉ូយាល់ ដោយស្មោះត្រង់ ទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ និងបន្តរីកចម្រើនទៅថ្ងៃអនាគត។”
តាមរយៈភាពជាដៃគូនេះ បុគ្គលិក និងអតិថិជនទាំងអស់របស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងទទួលបានការផ្តល់ជូនពិសេសជាច្រើនលើសេវាពិគ្រោះ និងសេវាព្យាបាលផងដែរ។ អត្ថប្រយោជន៍ទាំងនេះ រួមមានការបញ្ចុះតម្លៃ 5% លើសេវាកម្មអ្នកជំងឺពិនិត្យក្រៅ (OPD) ការពិនិត្យសុខភាព វ៉ាក់សាំង និងការពិនិត្យ-ពិគ្រោះយោបល់សម្រាប់ស្ត្រីមានផ្ទៃពោះ នៅពេលស្គែនទូទាត់ជាមួយ JTR KHQR។