ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង មន្ទីរសម្រាកព្យបាល យូ ចតុមុខ បានចាប់ដៃគូជាយុទ្ធសាស្ត្រ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជម្រុញការថែទាំសុខភាព ពង្រឹងសុខុមាលភាព និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋកម្ពុជា នៅការិយាល័យកណ្តាលរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោកស្រី កែវ កញ្ញា នាយិកាគ្រប់គ្រងផលិតផលផ្នែកសេវាកម្មហិរវត្តុបុគ្គល នៃធនាគារ ជេ ត្រាស់ រ៉ូយាល់ និងលោក ជុំសម វាសនា នាយកគ្រប់គ្រង ក្រុមហ៊ុនមេ នៃមន្ទីរសម្រាកព្យាបាល យូ ចតុមុខ ព្រមទាំងវត្តមានចូលរួមរបស់គណៈគ្រប់គ្រងស្ថាប័នទាំងពីរ។
លោកស្រី កែវ កញ្ញា នាយិកាគ្រប់គ្រងផលិតផលផ្នែកសេវាកម្មហិរវត្តុបុគ្គល នៃធនាគារ ជេ ត្រាស់ រ៉ូយាល់ បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរបស់យើងនៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើង ក្ក្នុងការទទួលបានសេវាកម្មថែទាំសុខភាព និងការផ្តល់តម្លៃបន្ថែម ជូនអតិថិជន បុគ្គលិក និងសហគមន៍ដែលយើងផ្តល់សេវាកម្ម។ តាមរយៈកិច្ចសហការនេះ បុគ្គលិក និងអតិថិជនរបស់យើង នឹងទទួលបានភាពងាយស្រួលកាន់តែប្រសើរ ក្នុងការទទួលបានសេវាថែទាំសុខភាពកុមារដែលមានគុណភាពខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ។ យើងក៏មានសេចក្តីរីករាយផងដែរ ក្នុងការគាំទ្រដល់គ្លីនិក ជាមួយដំណោះស្រាយទូទាត់ដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួល តាមរយៈ J Trust Royal Visa card ឬ JTR KHQR។ គោលបំណងរបស់យើង គឺធ្វើយ៉ាងណាផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយងាយស្រួល និងរលូនសម្រាប់គ្លីនិក បុគ្គលិក អតិថិជន ព្រមទាំងក្រុមគ្រួសាររបស់ពួគគាត់។”
លោក ជុំ សំ វាសនា នាយកគ្រប់គ្រង មន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានថ្លែងអំណរគុណដល់ធនាគារ ជេ ត្រាស់ រ៉ូយាល់ ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសមន្ទីរសម្រាកព្យាបាល យូ ចតុមុខ ជាដៃគូសហការផ្នែកសុខាភិបាល។ លោកបានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការចាប់ផ្តើមនៃភាពជាដៃគូអាជីវកម្មរយៈពេលវែង ដោយផ្អែកលើការជឿទុកចិត្ត និងផលប្រយោជន៍រួម។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់អត្ថប្រយោជន៍ពិសេសដល់អតិថិជន និងបុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយាល់ ព្រមទាំងរួមចំណែកលើកកម្ពស់ការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់សហគមន៍។ លោកក៏បានប្តេជ្ញាថា មន្ទីរសម្រាកព្យាបាល យូ ចតុមុខ នឹងអនុវត្តកិច្ចសហប្រតិបត្តិការនេះដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ហើយបានសម្តែងក្តីសង្ឃឹមថា ភាពជាដៃគូរវាងស្ថាប័នទាំងពីរនឹងបន្តរីកចម្រើន និងបង្កើតតម្លៃរួមសម្រាប់អតិថិជន និងសង្គមជាតិ។
តាមរយៈភាពជាដៃគូនេះ បុគ្គលិក និងអតិថិជនទាំងអស់របស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងទទួលបានការផ្តល់ជូនពិសេសជាច្រើនលើសេវាពិគ្រោះ និងសេវាកម្មវេជ្ជសាស្ត្រជាច្រើនផងដែរ។ អត្ថប្រយោជន៍ទាំងនេះ រួមមានការបញ្ចុះតម្លៃ 10% លើការធ្វើតេស្តឈាម សេវាកម្មពិនិត្យសុខភាព សេវាកម្មពិគ្រោះយោបល់ ឱសថ និង សេវាកម្មថតរូបភាព (អ៊ុលត្រាសោន កាំរស្មីអ៉ិច) និងសេវាកម្មផេ្សងៗទៀត នៅពេលទូទាត់ជាមួយ J rust Royal Visa Card ឬ JTR KHQR។