រាជធានីភ្នំពេញ 25 មិថុនា 2026 - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង គ្លីនិក ដំរី ភេឌីអាទ្រីក បានចាប់ដៃគូជាយុទ្ធសាស្ត្រ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជម្រុញការថែទាំសុខភាព ពង្រឹងសុខុមាលភាព និងលើកកម្ពស់អាយុជីវិតរបស់ស្ត្រី និងកុមារកម្ពុជា នៅការិយាល័យកណ្តាលរបស់ ធនាគារ ជេ​ ត្រាស់ រ៉ូយ៉ាល់។ គ្លីនិក ដំរី ភេឌីអាទ្រីក ដែលគេស្គាល់ថាជា មន្ទីរព្យាបាលស្រ្តី និងកុមារដំរី មានឯកទេសលើសេវាថែទាំសុខភាពស្ត្រី និងកុមារ ចាប់ពីការថែទាំមុនសម្រាល ការសម្រាលកូន រហូតដល់ការតាមដានសុខភាពកុមារ ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក យ៉ុន សុខុម ស្ថាបនិក និងនាយកប្រតិបត្តិ នៃមន្ទីរព្យាបាលស្រ្តី និងកុមារដំរី និងលោក ស៊ីវ ហ៊ន់ពិសិដ្ឋ នាយកនាយកដ្ឋានធនធានមនុស្ស និងទីផ្សារ នៃធនាគារ ជេ ត្រាស់ រ៉ូយាល់ ព្រមទាំងវត្តមានចូលរួមរបស់គណៈគ្រប់គ្រងស្ថាប័នទាំងពីរ។

លោក ស៊ីវ ហ៊ន់ពិសិដ្ឋ ប្រធានផ្នែកធនធានមនុស្ស និងទីផ្សារ នៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរបស់យើងនៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការលើកកម្ពស់ភាពងាយស្រួល ភាពងាយស្រួលក្នុងការទទួលបានសេវាកម្ម និងការផ្តល់តម្លៃបន្ថែម ជូនអតិថិជន បុគ្គលិក និងសហគមន៍ដែលយើងផ្តល់សេវាកម្ម។ តាមរយៈកិច្ចសហការនេះ បុគ្គលិក និងអតិថិជនរបស់យើង នឹងទទួលបានភាពងាយស្រួលកាន់តែប្រសើរ ក្នុងការទទួលបានសេវាថែទាំសុខភាពកុមារដែលមានគុណភាពខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ។ យើងក៏មានសេចក្តីរីករាយផងដែរ ក្នុងការគាំទ្រមន្ទីរព្យាបាលជាមួយដំណោះស្រាយទូទាត់ដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួល រួមមានសេវាទូទាត់តាម KHQR និងបណ្ណ ដែលធ្វើឱ្យការទូទាត់ថ្លៃសេវាសុខាភិបាល កាន់តែងាយស្រួល និងរលូនសម្រាប់អតិថិជន។ ”

លោក យ៉ុន សុខុម ស្ថាបនិក និងនាយកប្រតិបត្តិ នៃមន្ទីរព្យាបាលស្រ្តី និងកុមារដំរី បានមានប្រសាសន៍ថា៖​“មន្ទីរព្យាបាលមាតា និងកុមារដំរី គឺជាមណ្ឌលសុខាភិបាលមួយក្នុងចំណោមមណ្ឌលឈានមុខ ដែលផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សុខភាពស្ត្រី និងកុមារ នៅក្នុងសហគមន៍។ ហើយយើងមានមោទនភាពដែលជាមន្ទីរព្យាបាលដែលទទួលបានការទទួលស្គាល់ស្តង់ដារជាអន្តរជាតិដោយអង្គការ AACI (Accreditation Association for Ambulatory Health Care International) របស់សហរដ្ឋអាមេរិក ដំបូងគេនៅកម្ពុជា។” លោកបានបន្ថែមទៀតថា តាមរយៈភាពជាដៃគូនេះ យើងសង្ឃឹមថា មន្ទីរព្យាបាលមាតា និងកុមារដំរី នឹងក្លាយជាជម្រើសសេវាថែទាំសុខភាពមួយដែលទុកចិត្តបាន សម្រាប់បុគ្គលិក និងអតិថិជនរបស់ ធនាគារ​ ជេ ត្រាស់ រ៉ូយាល់ ដោយជួយកាត់បន្ថយក្តីបារម្ភរបស់ពួកគាត់ នៅពេលសមាជិកគ្រួសារត្រូវការសេវាថែទាំសុខភាព។

តាមរយៈភាពជាដៃគូនេះ បុគ្គលិក និងអតិថិជនទាំងអស់របស់ ធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់ នឹងទទួលបានការផ្តល់ជូនពិសេសជាច្រើនលើសេវាពិគ្រោះ និងសេវាព្យាបាលផងដែរ។ អត្ថប្រយោជន៍ទាំងនេះ រួមមានការបញ្ចុះតម្លៃ 20%​ លើថ្លៃសេវាបន្ទប់ និងការចុះតម្លៃជាច្រើនទៀតលើថ្លៃសេវាវេជ្ជសាស្ត្រ និងព្យាបាល នៅពេលស្គែនទូទាត់ជាមួយ JTR KHQR​ ឬ​ JTRB Visa Cards។