ភ្នំពេញ ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៥ – ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាលើកទីពីរ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ (Cambodia-ASEAN Business Summit 2026) នៅថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ ព្រឹត្តិការណ៍នេះ មានវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំកំពូលនេះបានដើរតួជាវេទិកាសំខាន់ដែលបានប្រមូលផ្ដុំនូវវត្តមានប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ រួមមានមន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច និងភាគីពាក់ព័ន្ធសំខាន់ៗមកពីទូទាំងតំបន់។ ព្រឹត្តិការណ៍នេះបានបង្កលក្ខណៈអំណោយផលដល់ការពិភាក្សាស៊ីជម្រៅ និងការស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសំខាន់ៗ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកក្នុងសហគមន៍អាស៊ានឱ្យកាន់តែស្អិតរមួត។
ក្រោមប្រធានបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” កិច្ចប្រជុំកំពូលឆ្នាំ២០២៦ នេះផ្ដោតលើចក្ខុវិស័យសម្រាប់ការផ្លាស់ប្តូរមុខមាត់តំបន់។ តាមរយៈការទាញយកអត្ថប្រយោជន៍ពីច្បាប់វិនិយោគថ្មី ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការបោះជំហានយ៉ាងលឿនក្នុងប្រព័ន្ធឌីជីថល កម្ពុជាកំពុងពង្រឹងខ្លួន ដើម្បីបំពេញបន្ថែមដល់មូលដ្ឋានឧស្សាហកម្មនៃប្រទេសជិតខាង។ ការធ្វើសមាហរណកម្មនេះ គឺមានសារៈសំខាន់ក្នុងការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ប្រកបដោយភាពរលូន ប្រសិទ្ធិភាពការចំណាយ និងភាពចម្រុះ ដែលជួយពង្រឹងសហគមន៍អាស៊ានទាំងមូលឱ្យកាន់តែរឹងមាំ។
ក្នុងនាមជា Diamond Sponsor ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានមោទនភាពដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនក្នុងតំបន់ និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។ តាមរយៈដំណោះស្រាយពាណិជ្ជកម្មទំនើប ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងការការបង្កើនសមត្ថភាពឌីជីថលជាបន្តបន្ទាប់នៅក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុក្នុងប្រទេស ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តផ្តល់អំណាចដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាក្រុមហ៊ុនសាជីវកម្មនានា ឱ្យរីកចម្រើននៅក្នុងសេដ្ឋកិច្ចតំបន់ដែលមានការតភ្ជាប់ឱ្យកាន់តែខ្លាំងឡើង។