ធនាគារចូលរួមឧបត្ថម្ភក្នុងកម្មវិធី សំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី27 ខែមិថុនា ឆ្នាំ2025 - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភកម្មវិធី សំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច​ និងមធ្យម" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសិន្និបាត និងពិព័រណ៍កោះពេជ្រ រៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។

កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល វិស័យឯកជនដែលស្ថិតក្នុងខ្នាត តូច និងមធ្យម (SMEs) ដើម្បីលើកទឹកចិត្ត និងអបអរសាទរសមិទ្ធផលដែលបានសម្រេចក្នុងឆ្នាំ2024។ កម្មវិធីនេះក៏មានការរៀបចំដាក់តាំងផលិតផលចំនួន 200សហគ្រាសក្នុងស្រុក និងមកពីប្រទេសម៉ាឡេស៊ី ដែលជាការរួមចំណែកក្នុងការលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក បង្កើនប្រសិទ្ធភាពប្រតិបត្តិការ ពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើតឱកាសនាំចេញផលិតផលទៅទីផ្សារអន្តរជាតិ។ កម្មវិធីពិសាភោជនាហារសាមគ្គីនេះ មានការចូលរួមពីសំណាក់ស្ថាប័នរដ្ឋ ក្រសួងពាក់ព័ន្ធ ម្ចាស់សហគ្រាស និងស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុប្រមាណជាង5,000នាក់។

ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ពិតជាមានសារៈសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ។​ ដូច្នេះធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងបន្តសហការជាមួយដៃគូនានា ក្នុងការចូលរួមជួយជ្រោមជ្រែងការរីកចម្រើនក្នុងប្រទេសកម្ពុជា។