ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ប្រកាសពីកិច្ចសហការដៃគូអាជីវកម្ម ដើម្បីលើកកម្ពស់សេវាកម្មថែទាំសុខភាព

០៧ មិថុនា ២០២៤

រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៤ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ភ្នំពេញ មេឌីខល សឺវិស ខមភេនី លីមីធីត បានប្រកាសពីកិច្ចសហការរួមគ្នា ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូអាជីវកម្មនេះ ធ្វើឡើងជាផ្លូវការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងផ្តល់ឱ្យអតិថិជននូវអត្ថប្រយោជន៍បន្ថែម នៅពេលប្រើប្រាស់បណ្ណឥណទាន និងឥណពន្ធរបស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ សម្រាប់ធ្វើការទូទាត់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរអន្តរជាតិ។

លោក ឡោ សាលី នាយក នាយកដ្ឋានប្រតិបត្តិការ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុន ភ្នំពេញ មេឌីខល សឺវិស ខមភេនី លីមីធីត ដែលជាក្រុមហ៊ុនឈានមុខខាងផ្នែកសេវាថែទាំសុខភាព ដែលផ្តោតសំខាន់លើការផ្តល់សេវាវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រសុខុមាលភាពរបស់អតិថិជនរបស់យើង ដោយផ្តល់ឱ្យពួកគាត់នូវអត្ថប្រយោជន៍បន្ថែម ដែលលើសពីសេវាកម្មធនាគារបែបប្រពៃណី។"

ស្របនឹងគ្នានេះដែរ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានមានប្រសាសន៍ថា “អនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីឱ្យប្រជាជនកម្ពុជាទទួលបាននូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់។ យើងមានទំនុកចិត្តថា កិច្ចសហការនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតនោះនឹងផ្តល់លទ្ធភាពជូនអតិថិជន​ក្នុងការរៀបចំគិតគូពីសុខភាព និងសុខុមាលភាពរបស់ពួកគេ ដោយគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុហួសហេតុពេក”។

ភាពជាដៃគូនេះ ផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជន ដូចជាប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ ជាមួយនឹងបណ្ណឥណពន្ធ និងឥណទានរបស់ធនាគារ អតិថិជនអាចធ្វើការទូទាត់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពនៅមន្ទីរពេទ្យ។ បន្ថែមពីលើនេះផងដែរ​ មធ្យោបាយទូទាត់នេះនឹងផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការកាន់សាច់ប្រាក់ច្រើន និងក្តីកង្វល់អំពីសុវត្ថិភាព ព្រមទាំងធានានូវដំណើរការទូទាត់ប្រកបដោយប្រសិទ្ធភាព និងភាពរលូន។

លើសពីនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃលើសេវាវេជ្ជសាស្រ្តជាច្រើនប្រភេទ ដែលផ្តល់ជូននៅមន្ទីរពេទ្យ នៅពេលទូទាត់ជាមួយបណ្ណឥណពន្ធ និងឥណទានរបស់ធនាគារ រួមមានការបញ្ចុះតម្លៃរហូតដល់ ១៥% លើតម្លៃបន្ទប់ផងដែរ។ ព័ត៌មានលម្អិតជាក់លាក់នៃការបញ្ចុះតម្លៃទាំងនេះនឹងត្រូវបានប្រកាសនាពេលខាងមុខ ដែលអនុញ្ញាតឱ្យអតិថិជនរៀបចំផែនការចំណាយលើការថែទាំសុខភាពរបស់ពួកគាត់ដោយភាពងាយស្រួល និងតម្លៃសមរម្យជាងមុន។