ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានមោទនភាពដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តគាំទ្រដល់កំណើនក្នុងតំបន់ និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។​ ធនាគារ ​បន្តផ្តល់អំណាចដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាក្រុមហ៊ុនសាជីវកម្មនានា ឱ្យរីកចម្រើននៅក្នុងសេដ្ឋកិច្ចតំបន់ដែលមានការតភ្ជាប់ឱ្យកាន់តែខ្លាំងឡើង តាមរយៈការបន្តចូលរួមឧបត្ថម្ភគាំទ្រ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន​ ២០២៦” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់រយៈពេល ៤ឆ្នាំជាប់គ្នា។

ពិធីដាក់សម្ពោធជាផ្លូវការនៃកម្មវិធីនេះ បានប្រព្រឹត្តិទៅកាលពីថ្ងៃ៣ ខែមេសា​ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិន តាមរយៈការកសាងសមត្ថភាពសហគ្រិនលើការគ្រប់គ្រងសាច់ប្រាក់ ការធ្វើផែនការអាជីវកម្ម ការរៀបចំឯកសារ និងការត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទទួលបានប្រភពទុនសម្រាប់ពង្រីកអាជីវកម្មដោយចីរភាព។ រួមគ្នា យើងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។