ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាចំណុចអាទិភាពចម្បងនៃបេសកកម្មទំនួលខុសត្រូវសង្គមរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាយូរមកហើយ។ ការចូលរួមជាបន្តបន្ទាប់នៅក្នុងពិព័រណ៍សៀវភៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ មកនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ក្នុងការអភិវឌ្ឍសហគមន៍ តាមរយៈការអប់រំ និងការចែករំលែកចំណេះដឹង។
ក្នុងរយៈពេលបួនថ្ងៃនៃព្រឹត្តិការណ៍នេះ (ថ្ងៃទី១១ ដល់ ១៤ ខែធ្នូ) ស្តង់ អាន លេង រៀន របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានស្វាគមន៍អ្នកចូលរួមគ្រប់វ័យ ដែលធ្វើឱ្យបរិយាកាសមានភាពរស់រវើក និងមមាញឹក។ នៅឆ្នាំនេះ ធនាគារបាននាំមកនូវសកម្មភាពថ្មីៗជាច្រើន ដែលមិនត្រឹមតែផ្តល់ភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈបទពិសោធប្រចាំថ្ងៃផងដែរ។
បន្ថែមពីលើសកម្មភាពប្រចាំថ្ងៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏បានរៀបចំកម្មវិធីពិសេសសម្រាប់ថ្ងៃនីមួយៗ ដើម្បីបង្កើតភាពរីករាយ និងទាក់ទាញការចូលរួមពីសំណាក់អ្នកទស្សនា។ សកម្មភាពទាំងនេះរួមមាន ការគូរមុខ (Face Painting) កម្មវិធីជួបនិងស្វាគមន៍ជាមួយ អរុណ (Meet & Greet with Arun) និងការប្រកួត Sudoku ដែលទទួលបានការចូលរួមយ៉ាងសកម្មពីអ្នកចូលរួម។
ចំណុចពិសេសមួយនៃស្តង់ អាន លេង រៀន គឺកម្មវិធីពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុ ដែលរចនាឡើងក្នុងទម្រង់ងាយស្រួលយល់ រួមមាន៖
- សំណួរអំពីចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy Quiz) – អ្នកចូលរួមឆ្លើយសំណួរដែលទាក់ទងនឹងហិរញ្ញវត្ថុក្នុងជីវិតប្រចាំថ្ងៃ ដើម្បីសាកល្បងការយល់ដឹង និងមានឱកាសឈ្នះរង្វាន់។
- ល្បែងស្វែងរកពាក្យ (Word Search Challenge) – អ្នកចូលរួមស្វែងរកពាក្យសំខាន់ៗទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។
- ល្បែងកំសាន្ត “អ្នកណាចំណាយតិចជាង” (Who Spends Less) – ជាល្បែងដែលបង្កើតឡើងដោយក្រុមការងារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដោយផ្ទាល់ ក្នុងគោលបំណងលើកទឹកចិត្ត អ្នកចូលរួមឱ្យយល់ដឹងពីចំណាយប្រកបដោយភាពវៃឆ្លាត ជៀសវាងការទិញដោយអារម្មណ៍ យល់ដឹងពីភាពខុសគ្នារវាងតម្រូវការចាំបាច់ និងការចង់បាន ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ ផងដែរ។
អ្នកចូលរួមក្នុងសកម្មភាពទាំងនេះ បានទទួលសៀវភៅ និងរង្វាន់ដ៏ស្រស់ស្អាត ក្នុងការលើកស្ទួយអក្សរសាស្ត្រខ្មែរ ចំណេះដឹង និងសុខភាពហិរញ្ញវត្ថុរយៈពេលវែង។
ក្នុងនាមជាអ្នកឧបត្ថម្ភកញ្ចប់ Silver នៃពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ដែលរៀបចំឡើងក្រោមប្រធានបទ «សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គាំទ្រវិស័យអប់រំ និងអភិវឌ្ឍសហគមន៍ តាមរយៈការចូលរួមសកម្មភាពសង្គមដ៏មានអត្ថន័យដូចពេលនេះ។