រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការសាលាទន្សាយ ក្នុងគោលបំណងគាំទ្រការអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅអង្គការសាលាទន្សាយ ក្រោមអធិបតីភាព លោកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិនៃអង្គការសាលារៀនទន្សាយ និងលោក Akihiko Kisaka នាយកប្រតិបត្តិរងនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងគណៈគ្រប់គ្រងមកពីស្ថាប័នទាំងពីរ។

ក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារធ្វើការបរិច្ចាគថវិកាចំនួន ៦០០០ ដុល្លារអាមេរិក  សម្រាប់គម្រោងពង្រឹងសមត្ថភាពគ្រូបង្រៀននៅតាមសាលារដ្ឋចំនួន ១៦នាក់។ មូលនិធិនេះនឹងប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលជំនាញក្នុងការអប់រំប្រកបដោយបរិយាប័ន្ន បំពាក់បំប៉នជូនលោកគ្រូ អ្នកគ្រូ នូវវិធីសាស្រ្ត ជំនាញ និងឧបករណ៍ ដែលត្រូវការដើម្បីជម្រុញការបង្រៀនសិស្សានុសិស្សដែលមានតម្រូវការសិក្សាបែបចម្រុះកាន់តែប្រសើរឡើង។
 

លោក Akihiko Kisaka នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានថ្លែងថា “កុមារគ្រប់រូប រួមទាំងកុមារដែលមានពិការភាពបញ្ញា និងអូទីស្សឹម មានសិទ្ធិទទួលបានការអប់រំ និងឱកាសដើម្បីរីកចម្រើនស្មើៗគ្នា។ ជំនួយថវិកានេះ នឹងប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូ បំពាក់ជូននូវយុទ្ធសាស្ត្របង្រៀនប្រកបដោយបរិយាប័ន្ន ដែលអំនោយផលដល់កុមារទាំងអស់ ដើម្បីទទួលចំណេះដឹងប្រកបដោយជោគជ័យ។ បន្ថែមពីនេះទៅទៀត យើងក៏នឹងរួមចំណែកជួយត្រួសត្រាយផ្លូវសម្រាប់កុមារគ្រប់រូប អាចត្រៀមខ្លួនចូលរួមក្នុងសង្គមប្រកបដោយអត្ថន័យ”។

កិច្ចសហប្រតិបត្តិការនេះផ្តោត​ទៅ​លើ​គុណ​តម្លៃ​រួម ​ក្នុងការលើកកម្ពស់គុណភាពការអប់រំសម្រាប់កុមារដែលមានពិការភាពបញ្ញា និងអូទីស្សឹម ដែលស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដើម្បីទទួលបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព 4 របស់អង្គការសហប្រជាជាតិ។

លោកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិ នៃអង្គការសាលារៀនទន្សាយ ក៏បានបន្ថែមទៀតផងដែរថា “យើងមានកិត្តិយសយ៉ាងខ្លាំងដែលទទួលបានការគាំទ្រពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ភាពជាដៃគូនេះ ជួយកសាងប្រព័ន្ធអប់រំដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្នសម្រាប់ប្រទេស ដែលអនុញ្ញាតឱ្យកុមារគ្រប់រូបមានឱកាសចូលរួម រៀនសូត្រ និងរីកចម្រើន។ នេះជាចំណែកមួយដែលនឹងជួយជម្រុញ ផ្ដល់អំណាចឱ្យកុមារដែលមានពិការភាពបញ្ញាទទួលបានឱកាសដែលពួកគេសមនឹងទទួលបាន”។

យើងមានមោទនភាពក្នុងការពង្រីកការប្តេជ្ញាចិត្តនេះបន្ថែមទៀត។ ក្រៅពីការចូលរួមគាំទ្រតាមរយៈការបរិច្ចាគថវិកា ធនាគា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល​កៀរគរ​មូលនិធិ សម្រាប់ការកសាងសមត្ថភាពជូនដល់លោកគ្រូអ្នកគ្រូរបស់អង្គការ។

ធនាគារសូមគោរពអញ្ជើញអតិថិជន និងសាធារណជនទាំងអស់ចូលរួមជាមួយយើងក្នុងបេសកកម្មដ៏មានតម្លៃមួយនេះ។ លោកអ្នកអាចធ្វើការបរិច្ចាគបានតាមរយៈមធ្យោបាយងាយៗណាមួយដូចខាងក្រោម៖

ការផ្ទេរប្រាក់តាមធនាគារមកកាន់គណនី អង្គការសាលារៀនទន្សាយ​តាមគណនីខាងក្រោម ឬចូលទៅ JTR Mobile > ទូទាត់ > សប្បុរសធម៍ និងការបរិច្ចាគ

  • ឈ្មោះគណនី៖ Rabbit School Organization
  • លេខគណនី៖ 6170578 (KHR) ឬ 6170567 (USD)