ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន DKSH Cambodia បានប្រកាសជាផ្លូវការពីភាពជោគជ័យភាពនៃ​ការរួមបញ្ចូល រវាងប្រព័ន្ធស្នូល​របស់ធនាគារ (Core Banking System) ជាមួយនឹង  Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន DKSH Cambodia តាមរយៈបណ្តាញផ្ទេរទិន្នន័យដែលមានសុវត្ថិភាព​ (Secure File Transfer Protocol -​ sFTP) សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ តាមប្រព័ន្ធឌីជីថល។

ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូននូវដំណោះស្រាយ Host-to-Host ដែលមានឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System និងផ្តល់នូវការភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទាំងពីរ ជាមួយនឹងការគ្រប់គ្រងគម្រោង ប្រកបដោយវិជ្ជាជីវៈ។ ដំណោះស្រាយនេះ មានគោលបំណងកាត់បន្ថយភាពស្មុគស្មាញ និងបង្កើនប្រសិទ្ធភាព និងផលិតភាពតាមរយៈល្បឿន និងភាពត្រឹមត្រូវនៃការទូទាត់បែបឌីជីថល ដោយប្រើបណ្តាញសុវត្ថិភាព ជាមួយនឹងការ ចាក់សោរទិន្នន័យ “Data Encryption" ។

គម្រោងនេះ ទាមទារការគាំទ្រយ៉ាងទូលំទូលាយ និងមានភាពបត់បែន​ មានភាពសាមញ្ញ និងសមស្របសម្រាប់ DKSH Cambodia ជាមួយនឹង  matrix function ដែលមាននៅក្នុង សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិត សម្រាប់សាជីវកម្ម​  JTR Connect របស់ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់។​ សមិទ្ធិផលនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចសហការដ៏រឹងមាំរវាងក្រុមការងាររបស់ DKSH Cambodia និងធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ ។

កញ្ញា ធួន ច័ន្ទ សុយ៉ាវត្តី  ជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន DKSH Cambodia បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មទីផ្សារឈានមុខគេ យើងបន្តខិតខំកែលម្អសេវាកម្មរបស់យើង សម្រាប់ដៃគូ និងអតិថិជនទាំងអស់។ ការវិនិយោគនេះមានគោលបំណងឆ្ពោះទៅរកដំណើរការដែលមានភាពងាយស្រួល ហើយតាមរយៈកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តដំណោះស្រាយឌីជីថលដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងសម្រេចបាននូវការបង្កើនប្រសិទ្ធភាព និងផលិតភាព តាមរយៈ SWIFT និងមធ្យោបាយទូទាត់បែបឌីជីថលដែលត្រឹមត្រូវសម្រាប់ដៃគូរបស់យើង”។

ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន DKSH Cambodia ដែលបានជ្រើសយក​ ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់  ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន​ DKSH Cambodia មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង និងបើកអោយមានការត្រួតពិនិត្យ មុននឹងអនុញ្ញាតការទូទាត់  “Authorization Matrix” ។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវដំណោះស្រាយ Host-to-Host ដែលក្នុងនោះរួមមាន​ Swift FIN/MT101 Swift FileAct និង​sFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ​ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។