ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីផ្ដល់ជូនអត្ថប្រយោជន៍ទៅដល់និស្សិត និងបុគ្គលិកនៃសាកលវិទ្យាល័យ

១៩ ឧសភា ឆ្នាំ ២០២០

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលជាធនាគារលំដាប់ថ្នាក់អន្តរជាតិមួយនៅប្រទេសកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដែលជាសាកលវិទ្យាល័យរដ្ឋឈានមុខគេមួយ ក្នុងចំណោមសាកលវិទ្យាល័យទាំងអស់នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដើម្បីអនុវត្តនូវកិច្ចសហការដ៏ថ្មីស្រឡាងមួយ។

ជាកិច្ចផ្ដួចផ្ដើមឡើងពីសំណាក់ក្រុមការងារផ្នែកធនាគារសាជីវកម្ម របស់ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់ ភាពជាដៃគូថ្មីរវាងធនាគារ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអនុញ្ញាតឲ្យធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្ដល់ជូនភាពងាយស្រួលទៅកាន់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអាណាព្យាបាលរបស់ពួកគេ ក៏ដូចជាធនាគារបានចូលរួមគាំទ្រទៅកាន់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យផងដែរ។ ជាផ្នែកមួយនៃកិច្ចសហការនេះ សមាជិកនៃក្រុមសិក្សាទាំងឡាយ ព្រមទាំងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នឹងទទួលបាននូវការផ្ដល់ជូនផលិតផលពិសេសចុងក្រោយបំផុត របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

លើសពីនេះទៅទៀត ជាផ្នែកមួយនៃកិច្ចសហការនេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងទៅកាន់កម្មវិធីសិក្សាជាន់ខ្ពស់ ថ្នាក់អនុបណ្ឌិតរបស់សាកលវិទ្យាល័យទៀតផង។ បុគ្គលិកជាន់ខ្ពស់ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងចូលរួមផ្ដល់ជូនពេលវេលារបស់ពួកគាត់ ជាសាស្រ្តាចារ្យ ឬវាគ្មិន នៅតាមថ្នាក់រៀនដែលបានចាត់តាំងនៅក្នុងសាកលវិទ្យាល័យ។

រួមជាមួយនឹងកម្រិតសិក្សាជាន់ខ្ពស់របស់ពួកគាត់ និងជាថ្នាក់ដឹកនាំប្រចាំនៅស្ថាប័នអាជីវម្មអន្តរជាតិផងដែរនោះ ក្រុមការងាររបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រំពឹងថានឹងបង្កើនបទពិសោធន៍សិក្សាដ៏មានខ្លឹមសារ និងសារៈសំខាន់ទៅក្នុងកម្មវិធីសិក្សាររបស់និស្សិតទាំងអស់។

បន្ថែមពីនេះទៀត ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់ នឹងពង្រីកខ្លួនទៅកាន់សហគមន៍នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងតាមរយៈការផ្ដល់ជូន គណនី The ONE ជាផលិតផលថ្មីបំផុតមួយរបស់ធនារគារ ដែលគណនីប្រាក់បញ្ញើដ៏អស្ចារ្យ និងសំបូរបែប។ ជាមួយនឹងបើកគណនី ប្រាក់បញ្ញើទាបបំផុតត្រឹមតែ ១ ដុល្លារ គណនី The ONE អនុញ្ញាតឲ្យអតិថិជនរីករាយប្រើប្រាស់សេវាធនាគារបុគ្គលរបស់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដោយឥតគិតថ្លៃ។ គណនី The ONE ភ្ជាប់មកជាមួយនឹងការផ្ដល់ជូនកាតឥណពន្ធវីសាឥតគិតថ្លៃ និងមិនគិតកម្រៃសេវានានាទៅកាន់បណ្ដាញសេវាជាច្រើនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដូចជា ប្រតិបត្តិការជាមួយ ATM ពេញផ្ទៃប្រទេស សេវាធនាគារតាមប្រព័ន្ធអ៊ិនធើណែត សេវាធនាគារតាមរយៈទូរស័ព្ទដៃដែលនឹងនាំមកជូនក្នុងពេលឆាប់ៗនេះ ព្រមទាំងបណ្ដាសាខារបស់ធនគារដែលមានទីតាំងនៅទីក្រុងធំៗ ចំនួន ៥ នៅក្នុងប្រទេសផងដែរ។ គណនី The ONE ត្រូវបានទទួលស្គាល់ថាជាតម្រូវការដ៏ពិតប្រាកដ នៃសហគមន៍ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលក្នុងនោះរួមមាននិស្សិត និងបុគ្គលិកវ័យក្មេងដែលកំពុងតែស្វែងរកនូវមធ្យោបាយដែលមានតម្លៃសមរម្យ និងប្រកបដោយភាពងាយស្រួល ដើម្បីប្រើប្រាស់សេវាកម្មធនាគារ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង បានមើលឃើញថាកិច្ចព្រមព្រៀងជាប្រវតិ្តសាស្រ្តនេះ គឺជាចំនុចចាប់ផ្ដើមនៃការបង្កើនកិច្ចសហការរវាងភាគីទាំងពីរ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ត្រូវបានប្រព្រឹត្តទៅនៅបរិវេណសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលមានទីតាំងនៅរាជធានីភ្នំពេញ ជាមួយនឹងអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលោក Toru Myochin អគ្គនាយក នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ព្រមទាំងសាកលវិទ្យាធិការរង និងបុគ្គលិកជាន់ខ្ពស់របស់ស្ថាប័នទាំងពីរ។