ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងមូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងពិធីដាក់សម្ពោធជាផ្លូវការនូវយុទ្ធការ “A Cup of HOPE” ដើម្បីកៀរគរថវិកាបរិច្ចាគគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា!

១៧​ សីហា ២០២១

រាជធានីភ្នំពេញ, ថ្ងៃអង្គារ  ទី១៧  ខែសីហា  ឆ្នាំ២០២១៖  ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានចាប់ដៃគូសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីកៀរគរថវិកាសម្រាប់ជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលជំងឺកុមារភាគច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ការពិនិត្យ ពិគ្រោះ និងព្យាបាល គឺឥតគិតថ្លៃ ដែលក្នុងរយៈពេលប្រមាណជិត៣០ឆ្នាំ កន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ បានយ៉ាងច្រើន និងបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅកម្ពុជា។

ចំណាយប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាកំពុងមានការប្រឈម ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ មានឈ្មោះថា “A Cup of HOPE” ដើម្បីអំពាវនាវដល់សាធារណជន ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។  ថវិកាបរិច្ចាគតិចក្តី ច្រើនក្តី  របស់សប្បុរសជន គឺជាអំណោយដ៏ធំធេងក្នុងការចូលរួមជួយសង្គ្រោះជីវិតកុមារ ជាពិសេសតាមរយៈការទទួលបាននូវសេវាសុខភាពប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនរើសអើង។

បណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការកោតសរសើរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងអតិថិជនរបស់ធនាគារ ចំពោះកាយវិការសប្បុរស ក្នុងការគាំទ្រដល់និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយបានបញ្ជាក់ថា “មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិផ្លូវការដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីបម្រើគោលដៅតែមួយគត់ គឺធានាថាមន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ទីតាំង នឹងបន្តបេសកកម្មចម្បង ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះកុមារនៅកម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង”។

លោក Makoto Kurokawa នាយកប្រតិបត្តិរងនៃធនាគារ ជេ ត្រាស់ រ៉ូយាល់ បានមានប្រសាសន៍ថា “ជំនួសឱ្យចំណាយលើការទិញភេសជ្ជៈមួយកែវ ដោយការបរិច្ចាគថវិកានេះ ជាចេតនាដ៏ល្អ និងមានអត្ថន័យដ៏ធំធេងបំផុត ក្នុងការជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ ១ដុល្លារ គឺមិនច្រើនប៉ុន្មានទេ តែបើយើងរួមគ្នាឱ្យបានច្រើននាក់ យើងពិតជានឹងអាចជួយដល់កុមារជាច្រើន ក្នុងពេលអនាគត ហើយខ្ញុំក៏សូមលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចូលរួមឱ្យបានញឹកញាប់តាមលទ្ធភាព ដើម្បីជួយជ្រោមជ្រែងដល់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា”។

អតិថិជនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចចូលរួមយុទ្ធនាការ ”A Cup of HOPE” និងធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ គណនីប្រាក់រៀលលេខ 4582369  ឫ គណនីប្រាក់ដុល្លារលេខ 4582347  តាមជម្រើសណាមួយដូចខាងក្រោម៖

  • ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិប្រចាំខែ
  • សេវាធនាគារតាមទូរសព្ទដៃ និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
  • តាមរយៈសាខាណាមួយរបស់ធនាគារ ជេ ត្រាស់ រ៉ូយាល់

ថ្លៃភេសជ្ជៈមួយកែវដែលអ្នកបរិច្ចាគនៅថ្ងៃនេះ អាចជួយសង្គ្រោះជីវិត និងអនាគតកុមារជាច្រើននាក់នៅកម្ពុជា។