ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ឯ․ក បានប្រកាសពីភាពជោគជ័យភាពនៃការរួមបញ្ចូល រវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) តាមរយៈបណ្តាញដែលមានសុវត្ថិភាព SWIFT FileAct ដែលជាការពង្រឹងផ្នែកឌីជីថលដ៏សំខាន់សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ ។

ការរួមបញ្ចូលនេះ បង្ហាញពីការរីកចម្រើនដ៏សំខាន់ក្នុងដំណើរការកែលម្អផ្នែកឌីជីថលរបស់យើង ដែលរួមមាន ដំណោះស្រាយ Host-to-Host និងឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System (“ERP”) ដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ការតភ្ជាប់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពសម្រាប់ដំណោះស្រាយទូទាត់ចំណាយ សម្រួលដំណើរការ និងកាត់បន្ថយការបំពេញការងារដោយដៃក្នុងដំណើរការទូទាត់។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និតស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ។

លោក Krithik Ranganathan នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានមានប្រសាសន៍ថា ៖ “យើងពិតជារីករាយជាមួយនឹងការរួមបញ្ចូលនេះ ជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនឹងជួយបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃដំណើរការទូទាត់របស់យើង ក៏ដូចជាបង្កើនផលិតភាពការងារតាមរយៈការកាត់បន្ថយដំណើរការដោយដៃ និងកាត់បន្ថយពេលវេលា។ នេះ គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយអំពីរបៀបដែលបច្ចេកវិទ្យាឌីជីថលអាចបង្កើនតម្លៃ និងប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម របស់យើង។ វាក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះឌីជីថលនីយកម្ម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពរហ័សរហួននៃអាជីវកម្ម។” លោក Krithik ក៏បានសម្តែងការអរគុណចំពោះក្រុមការងារនៃក្រុមហ៊ុនទាំងពីរផងដែរ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគម្រោងនេះសម្រេចទៅបានដោយភាពជោគជ័យ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ដែលបានជ្រើសយក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវដំណោះស្រាយ Host-to-Host ដែលក្នុងនោះរួមមាន Swift FIN/MT101 Swift FileAct និងsFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងស្តង់ដាររបស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។"

លើសពីនេះទៅទៀត កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ធនាគារយើងបានតម្លើងប្រព័ន្ធទូទាត់ Swift ទៅជា ISO20022 (ក្នុងទម្រង់ MX) ដែលអនុញ្ញាតឱ្យមានការបំលែងទិន្នន័យទូទាត់ឆ្លងប្រទេស សម្រាប់ Swift Single Standardization។