ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលពានរង្វាន់ជា "ធនាគារឆ្នើមដែលផ្ដោតលើការយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង” ពី Global Business Outlook

២៨ តុលា ២០២១

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលពានរង្វាន់ "ធនាគារឆ្នើមដែលផ្ដោតលើការយកចិត្តទុកដាក់ចំពោះ​អតិថិជនជាចម្បង” ពី Global Business Outlook (GBO) ដែលជាទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិដ៏ល្បីល្បាញមានទីតាំងនៅចក្រភពអង់គ្លេស។

ការទទួលស្គាល់ និងវាយតម្លៃរបស់ GBO សម្រាប់ធនាគារ ​ជេ ត្រាស់ រ៉ូយ៉ាល់ គឺផ្អែកលើ ចំណេះដឹងអំពីផលិតផល វិជ្ជាជីវៈ និងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះពីសំណាក់បុគ្គលិកធនាគារ ជូនដល់អតិថិជន និងវត្តមានធនាគារនៅលើអ៊ីនធឺណិត  ក៏ដូចជាកិច្ចការទំនួលខុសត្រូវសង្គមរបស់ធនាគារ នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា “ផលិតផល និងសេវាកម្មដែលផ្តល់ជូនដោយស្ថាប័នហិរញ្ញវត្ថុនៅក្នុងទីផ្សារមានភាពប្រហាក់ប្រហែលគ្នា ហើយអតិថិជនក៏មានជម្រើសជាច្រើនផងដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងលេចធ្លោ និងខុសប្លែកពីស្ថាប័នដទៃនោះគឺ បាវចនាប្រតិបត្តិការរបស់យើងដែលផ្តោតលើ “អតិថិជនជាចម្បង” ដែលបុគ្គលិករបស់ធនាគារគ្រប់រូបបានប្រកាន់ខ្ជាប់រហូតមក។”

លោកក៏បានបន្ថែមទៀតផងដែរថា ពានរង្វាន់នេះបង្ហាញពីការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈរបស់យើងជូនដល់អតិថិជន និងជាកំណត់ត្រាថ្មីមួយទៀតនៃសមិទ្ធិផលសម្រាប់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ យើងនឹងនៅតែបន្តប្រកាន់ខ្ជាប់នូវបាវចនាប្រតិបត្តិការរបស់យើងដែលផ្តោតលើ “អតិថិជនជាចម្បង” ហើយយើងប្តេជ្ញាថា នឹងបន្តផ្តល់ជូនបទពិសោធន៍សេវាកម្មធនាគារជាទីគាប់ចិត្ត ជូនដល់អតិថិជនទាំងអស់។