ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រកាសជាផ្លូវការអ្នកនាង ចាន់ កែវនិមល ជាទូតសុឆន្ទៈដំបូងរបស់ធនាគារ

ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២២

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្រកាសជាផ្លូវការអ្នកនាង ចាន់ កែវនិមល ជាទូតសុឆន្ទៈដំបូងរបស់ធនាគារ

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២២ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រកាសជាផ្លូវការ អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការនីដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ជាទូតសុឆន្ទៈដំបូង​ របស់ធនាគារ។ កម្មវិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងទូតសុឆន្ទៈ​រវាង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងអ្នកនាង ចាន់ កែវនិមល ត្រូវបាន
ប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង​ភ្ញៀវកិត្តិយស​ផងដែរ នៅសណ្ឋាគារ Rosewood

ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាកម្មធនាគារប្រកបដោយទំនុកចិត្តអស់រយៈពេលជាង ១៦ឆ្នាំ ធនាគារ ជេ​ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានសាធារណជនទទួលស្គាល់ថាជា ធនាគារដែលមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងផ្ដល់សេវាកម្មជាទីគាប់ចិត្តជូនដល់អតិថិជន។​ ថ្មីៗនេះធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលពានរង្វាន់ ធនាគារឆ្នើមដែលផ្ដោតលើការយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង ពី Global Business Outlook ដែលជាទស្សនាវដ្តីអន្តរជាតិល្បីមួយនៅចក្រភពអង់គ្លេស។

ជាមួយនឹងឱកាសក្នុងការពង្រីកវិសាលភាពរបស់ធនាគារក្នុង ឆ្នាំ២០២២នេះ ធនាគារក៏នៅតែបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីផ្ដល់ជូនបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជន ដែលស្របទៅនឹងបាវចនាប្រតិបត្តិការរបស់ធនាគារគឺ អតិថិជនជាចំបង ដែលធានាថាអតិថិជនទទួលបានសេវាកម្មកាន់តែប្រសើរពីធនាគារ។ ទន្ទឹមជាមួយគ្នានេះដែរ ធនាគារ​នឹង​វិនិយោគ​ធនធាន​បន្ថែម​ទៀត ​ដើម្បី​លើក​កម្ពស់​គុណភាព​ផលិតផល និង​សេវាកម្ម ព្រមទាំង​ជំរុញការទទួលស្គាល់ និងភាពលេចធ្លោរបស់ធនាគារ ​សម្រាប់​ផលប្រយោជន៍​អតិថិជន និង​សាធារណជន។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញ​ឱ្យសាធារណជនកាន់តែស្គាល់ធនាគារ ជេ​ ត្រាស់ រ៉ូយ៉ាល់ បន្ថែមទៀត ជាពិសេសអតិថិជនថ្មី ដែលមិនទាន់ស្គាល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅឡើយ។ អ្នកនាង​ កែវនិមល មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាង មានអាជីពមួយគួរ​ឱ្យកត់សម្គាល់ និងទទួលបានការគោរព នៅក្នុងអាជីពជាពិធីការនី។ អ្នកនាង​មិន​ត្រឹម​តែ​ជា​បុគ្គល​សាធារណៈ​ប៉ុណ្ណោះ​ទេ ​ថែមទាំងជាភរិយានិងជាម្តាយម្នាក់ដែលតែងតែគិតគូរ រៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ និង​ជា​អ្នក​ដឹក​នាំ​ដែល​ស័ក្តិសម​នឹង​តម្លៃស្នូល​របស់​ធនាគារ។

ការសហការនេះ ក៏បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារ ដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុដែលគួរឲ្យទុកចិត្តបំផុត ដែលផ្ដោតការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជនចំបង ហើយអ្នកនាង កែវនិមល នឹងមានវត្តមានក្នុងកម្មវិធី ក៏ដូចជាការផ្សព្វផ្សាយផលិតផល និងសេវាកម្មផ្សេងៗ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

អ្នកនាង ចាន់ កែវនិមល ក៏បានបង្ហាញចំនាប់អារម្មណ៍ផងដែរថាអ្នកនាងមានសេចក្ដីសោមន្សរីករាយ ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទុកចិត្ត និងជ្រើសរើសរូបគាត់ជាទូតសុឆន្ទៈដំបូងសម្រាប់ធនាគារ។ អ្នកនាងនិមលបន្ថែមទៀតថាគាត់អាចផ្សារភ្ជាប់ជាមួយ ធនាគារបាន ដោយសារតែផលិតផលរបស់ធនាគារមានភាពប្រហាក់ប្រហែលទៅនឹងរបត់ ក៏ដូចជាការរៀបចំផែនរៀបចំហិរញ្ញវត្ថុសម្រាប់ការរស់នៅរបស់គាត់។ ការសន្សំជាមួយគណនី​សន្សំ GOAL របស់ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ជាឧទាហរណ៍មួយ ស្របនឹងអ្វីដែលអ្នកនាងនិមលបង្រៀនឱ្យកូនស្រីចេះសន្សំ ​ព្រោះការសន្សំដូចជាការវិនិយោគសម្រាប់ខ្លួនឯងផងដែរ។