ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បើកដំណើរការសាខាថ្មីមានទីតាំងនៅខណ្ឌសែនសុខ

១៣ ឧសភា ២០២១

រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២១ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានពង្រីកទីតាំងសាខារបស់ខ្លួននៅភាគខាងជើងនៃរាជធានីភ្នំពេញ តាមរយៈការបើកដំណើរការ សាខាសែនសុខ ដែលមានទីតាំងស្ថិតនៅអគារលេខ ៤ ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញ​។ ការបើកដំណើរការសាខាសែនសុខនេះ ជាការបោះជំហ៊ានពង្រីកវិសាលភាពរបស់ធនាគារ ដើម្បីផ្ដល់នូវសេវាកម្មបម្រើជូនអតិថិជនឲ្យបានកាន់តែប្រសើរជាងមុន ស្របទៅតាមកំណើននៃតម្រូវការផ្នែកសេវាកម្មធនាគារ ហើយនេះក៏បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារដើម្បីក្លាយជា “ដៃគូហិរញ្ញវត្ថុដែលគួរឲ្យទុកចិត្តបំផុត” នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា ការបើកដំណើរការសាខាសែនសុខនេះ គឺជាការបោះជំហ៊ានយ៉ាងសំខាន់សម្រាប់ធនាគារ ដើម្បី​បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ និងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាការផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជនផងដែរ ស្របទៅនឹងបាវចនាប្រតិបត្តិការរបស់យើងគឺ “អតិថិជនជាចំបង” ដែលធានាថាអតិថិជនទទួលបានសេវាកម្មកាន់តែប្រសើរពីធនាគារ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាសែនសុខ ផ្ដល់ជូននូវគ្រប់ប្រភេទសេវាកម្មធនាគារ សម្រាប់បំពេញតម្រូវការអតិថិជនគ្រប់ប្រភេទ រួមមានសេវាកម្មធនាគារប្រចាំថ្ងៃសម្រាប់បុគ្គល អាជីវកម្ម និងសាជីវកម្ម។ លើសពីនេះទៅទៀត បន្ទប់សេវាធនាគារអាទិភាព (Premier Lounge) របស់សាខាសែនសុខ ផ្តល់ជូននូវបរិយាកាសល្អបំផុតជាមួយនឹងការរចនាផ្នែកខាងក្នុងដ៏លេចធ្លោ រួមទាំងប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដើម្បីផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងផ្ដល់ជូននូវបទពិសោធន៍សេវាកម្មពិសេសជូនសមាជិក Premier របស់ខ្លួន។

ការរចនាផ្នែកខាងក្រៅ និងខាងក្នុងរបស់សាខាសែនសុខនេះ បានរួមបញ្ចូលទាំងវប្បធម៌របស់ប្រទេសកម្ពុជា ជាមួយវប្បធម៌របស់ប្រទេសជប៉ុន ដែលក្នុងនោះមានរំលេចនូវក្បាច់ផ្កាចន្ទន៍ និងអត្តសញ្ញាណរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីតំណាងឲ្យភាពរីកចម្រើន និងនិរន្តរភាពរបស់ធនាគារ និងអតិថិជនរបស់ខ្លួន។

លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា “ការបើកដំណើរការនៃសាខាសែនសុខ ជាសក្ខីភាពនៃទំនុកចិត្តរបស់ធនាគារនៅក្នុងវិស័យហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នាពេលថ្មីៗ នេះក៏ដោយ។ ធនាគារបានរៀបចំផែនការបន្តអាជីវកម្មប្រកបដោយការប្រុងប្រយ័ត្ន និងសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវប្រតិបតិ្តការអាជីវកម្ម ដោយរក្សាបាននូវវិធានការណ៍ប្រុងប្រយ័ត្ន និងអនាម័យខ្ពស់ សម្រាប់គ្រប់សេវាកម្ម និងប្រតិបត្តិការរបស់ខ្លួន សមស្របតាមគោលការណ៍ណែនាំពីក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតឡើងពីការរីករាលដាលនៃកូវីដ ១៩ ព្រោះសុវត្ថិភាព និងសុខុមាលភាពរបស់អតិថិជន និងបុគ្គលិក គឺជាអាទិភាពចំបងរបស់យើង” ។

ទន្ទឹមគ្នានេះដែរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាសែនសុខ ក៏មានផ្តល់ជូនកាដូអនុស្សាវរីយ៍ជាច្រើន សម្រាប់ការបើកគណនីសន្សំ  ឬចុះឈ្មោះប្រើប្រាស់ប័ណ្ណឥណទាន នៅសាខាសែនសុខពីថ្ងៃនេះ រហូតកាដូអស់ពីស្តុក។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងផ្នែកសេវាអតិថិជនតាមទូរស័ព្ទ 023​ 999 ​000។