ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រគល់សម្ភារៈសុខភាពជូនទៅកាន់ គ្រួសារក្រីក្រ នៅតាមបណ្ដាសង្កាត់ក្នុងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ-១៩

១៥​ មេសា ២០២០

ដោយផ្អែកលើគោលការណ៍មួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនៃការរីករាលដាលរបស់ វីរុស កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានអនុវត្តនូវសកម្មភាព ផ្ដល់ជំនួយសប្បុរសធម៍ ទៅកាន់ប្រជាជនក្រីក្រដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។

មន្ត្រីតំណាង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានធ្វើដំណើរទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ ជាមួយនឹងអាជ្ងាធរដែនដី នៅតាមបណ្ដាសង្កាត់ដែលរួមមាន៖ សង្កាត់ត្រពាំងក្រសាំង សង្កាត់ច្រាំងចំរេះ សង្កាត់ស្វាយប៉ាក និងសង្កាត់ស្ទឹងមានជ័យ។ គួរអោយកត់សម្គាល់ផងដែរថា កិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ត្រូវបានធ្វើឡើង ពីសំណាក់ លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង អមជាមួយនឹងវត្តមាន របស់ក្រុមការងារនៅសាលាសង្កាត់ទាំងអស់ផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រគល់ជូននូវសម្ភារៈសុខភាព ដ៏មានសារៈសំខាន់ដើម្បីការពារវីរុស កូវីដ-១៩ ដែលរួមមានម៉ាសការពារ ទឹកអាល់កុលលាងដៃ និងសាប៊ូលាងដៃកម្ចាត់មេរោគ។

ក្នុងនោះផងដែរ សង្កាត់នីមួយៗ ទទួលបាននូវម៉ាសការពារ សរុប ១០,០០០ ម៉ាស សាប៊ូលាងដៃកម្ចាត់មេរោគ សរុប ៥ កេស ទឹកអាល់កុលលាងដៃ សរុប ១៥០ លីត្រ និងដបសម្រាប់ដាក់អាល់កុលលាងដៃចំណុះ ៥០០ មីលីលីត្រ សរុប ៣០០ ដប។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរនៅតាមបណ្ដាសង្កាត់ខាងលើ ដើម្បីធានាបាននូវការចែកជូនសម្ភារៈសុខភាពទាំងនេះ ទៅដល់ក្រុមគ្រួសារក្រីក្រស្ថិតនៅក្នុងសង្កាត់ ក្នុងគោលបំណងការពារពួកគាត់ពីវីរុស កូវីដ-១៩។

គំនិតផ្ដួចផ្ដើមជុំវិញការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃវីរុស កូវីដ-១៩ គឺជាសកម្មភាពមួយ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីប្ដេជ្ញាចិត្តខ្ពស់ ក្នុងការរិះរកមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការជួយអភិវឌ្ឍន៍សហគមន៍កម្ពុជា។