ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន ខេមឡៃហ្វ ចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្ម ប៊េងកាសួរេន ដើម្បីជម្រុញការការពារផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន

២៥​ មករា ២០២៤

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា ខេមឡៃហ្វ ម.ក បានប្រកាសកិច្ចសហការភាពជាដៃគូអាជីវកម្ម ប៊េងកាសួរេន ដើម្បីផ្ដល់សេវាងាយស្រួលមួយសម្រាប់អតិថិជនជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិត ដែលមាន​តម្លៃសមរម្យ​។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃភាពដៃគូ ប៊េងកាសួរេន ត្រូវបានធ្វើឡើងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង លោក អ៊ុន សុរស្មី អគ្គនាយកស្តីទី នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ ដែលបានប្រារព្ធឡើងនៅសាខាកណ្ដាលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “ធនាគារ មានការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារដែលមានគុណភាពខ្ពស់ ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។ យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការជាមួយក្រុមខេមឡៃហ្វ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេរបស់កម្ពុជា។ ភាពជាដៃគូនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើគុណតម្លៃ និងការប្តេជ្ញាចិត្តរួម ក្នុងការផ្ដល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនគ្រប់រូប។ ភាពខ្លាំងរបស់ស្ថាប័នទាំងពីរ នឹងផ្ដល់ជូននូវដំណោះស្រាយ និងផលិតផលដែលជួយគាំពារ សុវត្ថិភាពហិរញ្ញវត្ថុ និងសុខុមាលភាពជូនអតិថិជន”។

កិច្ចសហប្រតិបត្តិការនេះ នឹងដាក់បង្ហាញពីការណែនាំផលិតផល ស៊ីមផល វ័ន ( Simple One - SO ) និងការការពារផ្នែកសុខភាព តាមរយៈផលិតផល ដេលី ហូស្ពីផល ខេស ( Daily Hospital Cash – DHC ) ដែលជាផលិតផលធានារ៉ាប់រង មានតម្លៃសមរម្យ ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការដល់អតិថិជនធនាគារ ដែលមានចំណូលទាប និងមធ្យមនៅទូទាំងប្រទេស។ អតិថិជនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចសាកសួរពិភាក្សាអំពីផែនការការពារ ក៏ដូចជាជាវផលិតផលធានារ៉ាប់រងតាមរយៈ បុគ្គលិកផ្នែកលក់ផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុន ខេមឡៃហ្វនៅតាមបណ្តាសាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។

លោក អ៊ុន សុរស្មី អគ្គនាយកស្តីទី នៃក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចកម្ពុជា “ខេមឡៃហ្វ បានមានប្រសាសន៍ថា យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចាប់ដៃគូជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ សម្រាប់ភាពជាដៃគូនេះ ឆ្លុះបង្ហាញពីការបោះជំហានដ៏សំខាន់មួយ ក្នុងដំណើរបេសកម្មរបស់យើង ដើម្បីផ្តល់ជូននូវការការពារហិរញ្ញវត្ថុដ៏ទូលំទូលាយទៅកាន់ប្រជាជនកម្ពុជាទាំងអស់

លោក​បានបញ្ជាក់ទៀតថា “ភាពជាដៃគូនេះ ផ្តល់ជូនលើសពីផលិតផលធានារ៉ាប់រង ដែលយើងមាន។ វារួមបន្ថែមទាំងការផ្តល់ជូននូវចំណេះដឹង និងធនធាន ដែលជាទុនសម្រាប់ការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពរបស់អតិថិជននាពេលអនាគត។ បុគ្គលិកលក់ផលិតផលធានារ៉ាប់រងរបស់ ខេមឡៃហ្វ នឹងប្រចាំការនៅតាមសាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីផ្តល់ជូនការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ និងត្រូវប្រាកដថាអតិថិជនទទួលបានដំណោះស្រាយដ៏ត្រឹមត្រូវ

ភាពជាដៃគូនេះ ជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ស្ថាប័នទាំងពីរ ដើម្បីជម្រុញការផ្លាស់ប្តូរជាវិជ្ជមាន និងវឌ្ឍនភាពនៅក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងនៃប្រទេសកម្ពុជា។ យោងតាមនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) សម្រាប់បុព្វលាភធានារ៉ាប់រងសរុបបានកើនឡើងប្រមាណជាង ៨៧ លានដុល្លារក្នុងត្រីមាសទី ៣ ឆ្នាំ២០២៣ ដែលបានកើន ២.៦ភាគរយ បើធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ផែនការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១ ដល់ ២០៣០​ របស់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវសូចនាករ នៃធានារ៉ាប់រង ក្នុងអត្រាភាគទាន ៥.៥ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងឲ្យបាន ១៣៥ដុល្លារក្នុងមួយនាក់ ក្នុងឆ្នាំ២០៣០។

 

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក​

ក្រុមហ៊ុន “ខេមឡៃហ្វ” បានបង្កើតឡើងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១២ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន “ខេមឡៃហ្វ​” បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប នៅក្នុងឆ្នាំ២០១៥។

នៅឆ្នាំ ២០២១ ក្រុមហ៊ុន “ខេមឡៃហ្វ បានធ្វើការផ្លាស់ប្តូរទៅជា ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលមានអាជ្ញាប័ណ្ណ និងបានប្តូរឈ្មោះទៅជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា ខេមឡៃហ្វម.ក ដែលយើងស្គាល់ថា ខេមឡៃហ្វ

បច្ចុប្បន្ន ក្រុមហ៊ុន “ខេមឡៃហ្វ ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែផ្តល់នូវគម្រោងធានារ៉ាប់រងខ្នាតតូច មានតម្លៃសមរម្យ និងមានភាពងាយស្រួល។

 

អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។