តាមរយៈភាពជាដៃគូរវាងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងបុរី ឌឹ ផ្លរ៉ា អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទទួលបានកម្ចីទិញផ្ទះ

22 មិថុនា 2022

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង បុរី ឌឹ ផ្លរ៉ា បានប្រកាសអំពីការសហការភាពជាដៃគូ ដោយមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការធ្វើជាដៃគូផ្តល់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរី ឌឹ ផ្លរ៉ា កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២២ ថ្មីៗនេះ នៅការិយាល័យលក់របស់បុរី ឌឹ ផ្លរ៉ា។ ការចុះហត្ថលេខាលើភាពជាដៃគូនេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែប្រសើរ និងជម្រុញឱ្យដំណើរការស្នើសុំកម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួលសម្រាប់​អតិថិជនជាមួយនឹងទំហំកម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប។

ឧកញ៉ា លីម កុកឡុង អគ្គនាយក នៃបុរី ឌឹ ផ្លរ៉ា បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជួយសម្រួលឱ្យអតិថិជនរបស់បុរី ឌឹ ផ្លរ៉ា ទទួលបាននូវលក្ខខណ្ឌបង់ប្រាក់ និងកម្ចីងាយស្រួល។”

លោក Makoto Kurokawa អគ្គនាយករង នៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរី ឌឹ ផ្លរ៉ា ទាំងអស់ នឹងទទួលបាននូវការផ្តល់ប្រាក់កម្ចី និងការអនុម័តកម្ចី កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំ"រហូតដល់សំណង់សង់រួចរាល់ទើបដាក់ពាក្យស្នើកម្ចី។”

ដើម្បីអបអរសាទរចំពោះការចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជនដែលទិញផ្ទះនៅបុរី ឌឹ ផ្លរ៉ា នឹងទទួលបានកម្ចីទិញផ្ទះ ក្នុងអត្រាការប្រាក់ត្រឹមតែ ៦,៨៨% (ក្នុងឆ្នាំទី១) និងការអនុម័តកម្ចី កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ជាមួយនឹងទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃគេហដ្ឋានសរុប ហើយមានរយៈពេលរហូតដល់ ២០ ឆ្នាំ។